ចំណេះដឹងទូទៅ

តើគម្ពីរស្លឹករឹតគឺជាអ្វីទៅ?

របៀបធ្វើគម្ពីរស្លឹករឹត
គម្ពីរនេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ ជ័យជេដ្ឋា” ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។

ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជា អក្សរ កើតមានដូចតទៅនេះ  អានអត្ថបទបន្ត…

របៀបធ្វើគម្ពីរស្លឹករឹត

គម្ពីរ នេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ ជ័យជេដ្ឋា” ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។
ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជា អក្សរ កើតមានដូចតទៅនេះ
ក- មុនដំបូងស្វែងរកដើមស្លឹករឹត
ស្លឹក រឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់
– កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។
– កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ – ស្ដើង ។
– កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។
ចំពោះ ស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីអោយវាលាកត្រង់មកវិញ ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ – ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតអោយណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈូសដ៏មុត ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។
ខ- របៀបវាយបន្ទាត់
មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ៖
គេ យកឈើបន្ទះទំហំ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសអោយស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ អោយរឹងមាំ រួចអារ – ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។ នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតអោយមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។ គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់ យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។
គ- របៀបចារអក្សរ
មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺៈ
១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំអោយរអិលផង ។
២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល។
៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល – មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។
ចាប់ ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។
ឃ- របៀបលុបអក្សរ
កាល ណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា “ សាស្ត្រា” វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។
លុះ អក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរអោយចូលគ្នាសព្វ រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។
ង- របៀបឈូសសម្អាត
លុះ ដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេ ពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់អោយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។
ច- រៀបទឹបមាស
មុន ដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។
ឆ- របៀបធ្វើខ្សែសាស្ត្រា
ខ្សែ សាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង – ទន់ គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ – ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់ រួចហើយយកសំបកគម្ពីរមករុំ ។
ជ- របៀបធ្វើសំបកគម្ពីរ
សំបក គម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ
– ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក អោយបានទំហំធំជាងគម្ពីរ ៣ ដង ។
– យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។
– យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។
– មានខ្សែដែលដេរដោយសាច់សំពត់ល្អ – សំប៉ែតប្រហែលជា ១ សង់ទីម៉ែត្រ ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំអោយរាត់រាយ ។

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ១៩៩៤
រៀបរៀងដោយ
សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម
អគ្គាធិការនៃពុទ្ធិកសិក្សា
ចៅអធិការវត្តមហាមន្ត្រី
រាជធានី ភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s