ប្រវត្តិកេង វ៉ាន់សាក់

ប្រវត្តិ​សង្ខេប​របស់​សាស្ត្រាចារ្យ​ អក្សរសាស្រ្ដ​ខ្មែរ កេង វ៉ាន់សាក់

ដោយ សំ បូរិន្ទ

2008-12-24                                                 លោក​បណ្ឌិត កេង វ៉ាន់សាក់ កាល​នៅ​រស់។

 

លោក​បណ្ឌិត​ សាស្ត្រាចារ្យ កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​ទឹក​ចូល​សួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ កន្លង​ទៅ។

សព​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ ​និង​ជា​ស្ថាបត្យករ​អង្គុលីលេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺ​លោក​បណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទី​តម្កល់​ទៅ​កាន់​ទីប៉ាឆា​មួយ​កន្លែង​នៅ​ ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ដោយ​ មាន​ព្រះសង្ឃ​ស្វាធ្យាយព្រះ សត្តប្បករណាភិធម្ម​បង្សុកូល​ឧទ្ទិស​កុសល​ប៉ាឆា​មរណៈ​ផង។

លោក​បណ្ឌិត កេង វ៉ាន់សាក់ ដែល​មាន​ប្រវត្តិ​រូប​ប្រកប​ដោយ​ភាព​ស្មុគស្មាញ​នោះ​បាន​ប្រសូត​នៅ​ថ្ងៃ​ សៅរ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​១៩២៥។

លោក កេង វ៉ានសាក់ ដែល​មាន​មាតា​ឈ្មោះ ហម អ្នក​ខេត្ត​ពោធិ៍សាត់ ជាប់​សែស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់ក្សត្រី​មល្លីកា ព្រះមេហសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និង​មាន​បិតា​ឈ្មោះ កេង ស៊ីផាន់ អ្នក​ខេត្ត​កំពង់ចាម មាន​វ័យ​ចម្រើន​ធំ​ធាត់​នៅ​ក្នុង​ភូមិ​កំពង់បឹង ស្រុក​កំពង់លែង នៃ​ខេត្ត​កំពង់ឆ្នាំង។

ប្រវត្តិ​ស្មុគស្មាញ​របស់​លោក កេង វ៉ាន់សាក់ រាប់​បញ្ចូល​ទាំង​បិតា​ឈ្មោះ កេង ស៊ីផាន់ ផង ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​មនុស្ស​ទូទៅ​ថា លោក កេង ស៊ីផាន់ នេះ គឺ​ជា​មនុស្ស​ដែល​គេ​ឧបកិច្ច​ទុក​ជា​ឪពុក​ដើម្បី​ជា​កិច្ច​ចម្លង​ប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូប​នេះ​តែងតាម​ព្យាបាទ​និង​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​រូប​លោក ​តាំង​ពី​កុមារភាព​រហូត​មក។ ទោះ​បី​យ៉ាង​ណា​ក្ដី​ក្នុង​ប្រវត្តិ​ជីវិត​លោក​បណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការប្រែប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់​ចលនា ដោយ​រួមទាំង​ចលនា​នយោបាយ​ក្នុង​សម័យ​ទាមទារ​ឯករាជ្យ ចលនា​អក្សរសាស្រ្ដ​ខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿន​និយម​ដោយ​ក្រោយ​មក​បាន​ក្លាយ​ជា​វាល​ពិឃាត​ សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង ។ ទោះ​បី​យ៉ាង​ណា​ក្ដី​ក្នុង​បទសម្ភាសន៍​ជា មួយ​វិទ្យុ​អាស៊ីសេរី​មុន​ការចាប់​ខ្លួន​របស់​តុលាការ​ខ្មែរ​ក្រហម អតីត​ប្រធាន​រដ្ឋ​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា បាន​បដិសេធ​ថា លោក កេង វ៉ាន់សាក់ ពុំ​មែន​ជា​មេ​ខ្មែរ​ក្រហម​ឡើយ។ នួន ជា បាន​និយាយ​ថា ៖ «ទស្សនៈ កេង វ៉ាន់សាក់ ហើយ​និង សាឡុត ស ឲ្យ​ជ្រៅ​ទៅ​មិន​ដូច​គ្នា​ទេ ពីព្រោះ កេង វ៉ាន់សាក់ និយាយ​រួម​គេ​បញ្ញាជន​ខ្ពស់​ជាង សាឡុត ស។ សាឡុត ស គាត់​បញ្ញាជន​មែន ប៉ុន្តែ​គាត់​ខាង​បច្ចេកទេស»

សំ បូរិន្ទ ៖ តើ​ទាំង​ពីរ​នាក់​ហ្នឹង​ខុស​គ្នា​ខុស​យ៉ាង​ម៉េច?

នួន ជា ៖ និយាយ​ទៅ​ទី​ចុង​បំផុត កេង វ៉ាន់សាក់ គេច​ចេញ​ពី​ស្រុក​ទៅ ហើយ សាឡុត ស គាត់​អត់​ចេញ​ពី​ស្រុក​ទេ នៅ​ស្រុក​ខ្មែរ​បន្ត​ការដឹកនាំ​ត​ទៅ​ទៀត អា​នេះ​ជា​គោលជំហរ​មួយ​ធំ​ណាស់។

សំ បូរិន្ទ ៖ ប៉ុន្តែ​កាលហ្នុង លោក កេង វ៉ាន់សាក់ លោក​ជា​មេ​ដឹកនាំ​ដែរ​ឬ?

នួន ជា ៖ អត់​ទេ ជា​រូបភាព​គាត់​ចេញ ប៉ុន្តែ​ជា​ជម្រៅ​គឺ​បក្ស​តែម្ដង។ គេ​មិន​ដែល​យក​អ្នក​ចំហ​អ៊ីចឹង​ទៅ​ដឹកនាំ​ទេ បក្ស​ណា​ក៏​ដោយ។ គួរ​រំឭក​ថា សកម្មភាព​ផ្សេងៗ​ក្នុង​ឆាក​នយោបាយ​និង​អក្សរសាស្រ្ដ​បាន​បណ្ដាល​ទុក្ខ​ កង្វល់​ដល់​ក្រុម​គ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជា​ច្រើន​លើក។ នៅ​ពេល​អាយុ​៣០​ឆ្នាំ លោក​បណ្ឌិត កេង វ៉ាន់សាក់ បាន​ត្រូវ​ជាប់​គុក​ជា​ច្រើន​ខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៥ គឺ​នៅ​ថ្ងៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​លោក​ជា​អគ្គលេខាធិការ​បាន​ចាញ់​ ឆ្នោត​គណបក្ស​សង្គម​រាស្រ្ដ​និយម​ដឹកនាំ​ដោយ​សម្ដេច​ព្រះ​ឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែនការ​បាញ់​សម្លាប់​មេ​ដឹកនាំ​និង​ បេក្ខជន​ក្នុង​គណបក្ស​សង្គម​រាស្រ្ដ​និយម​តាម​ការឆ្លើយ​ដាក់​របស់​បុគ្គលិក​ ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។

នៅ​អាយុ​៣៧​ឆ្នាំ លោក កេង វ៉ាន់សាក់ បាន​ត្រូវ​ចាប់​ដាក់​គុក​ជា​ថ្មី​ម្ដង​ទៀត​នា​រដូវ​ភ្ជុំ​បិណ្ឌ​នៃ​ឆ្នាំ​ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មាន​ការរំជើប​រំជួល​ច្របូក​ច្របល់​ក្នុង​ ការចាត់ចែង​អក្សរ​សាស្រ្ដ​ជាតិ ពេល​ដែល​លោក​ធ្វើ​ជា​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ​នៅ​ពុទ្ធិកៈ​ មហាវិទ្យាល័យ​ព្រះសីហនុរាជ ។

លោក​សាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែល​បើ​តាម​ប្រវត្តិ​នៃ​មន្រ្តី​បុគ្គលិក​សិក្សា​ប្រទេស​កម្ពុជា​គឺ​ជា​ បុគ្គលិក​សិក្សា​លេខរៀង​ទី​១​ផង​នោះ ជា​បញ្ញាជន​ដែល​ស្គាល់​ខ្លួន​លោក​ថា​ពុំ​មាន​យោបល់​ស្រប​ជាមួយ​បញ្ញាជន​ឬ​ អ្នក​ដឹកនាំ​ដទៃ​ទៀត​ឡើយ។ លោក​មើល​ឃើញ​ថា អ្នក​ដឹកនាំ​ទាំង​នោះ​ពុំ​មាន​ឆន្ទៈ​ពិត​នឹង​ដឹកនាំ​ប្រទេស​ខ្មែរ​ឲ្យ​រួច​ ចាក​ផុត​ពី​ការត្របាក់​យក​នៃ​ពួក​បរទេស​ឡើយ។

លោក​សាស្រ្ដាចារ្យ កេង វ៉ាន់សាក់ បាន​មាន​ប្រសាសន៍​ថា ៖ «កាល​ហ្នឹង​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ ជាតិ ស្រឡាញ់​ស្រុក ស្រឡាញ់​ខ្មែរ​ហ្នឹង ហើយ​ដឹង​ថា​ខ្មែរ​ហ្នឹង​កំពុង​តែ​ជាប់​ភាសា​បារាំង ភាសា​ចិន ភាសា​យួន ដោយសារ​មេ​ដឹកនាំ​ខ្មែរ​ពុក​រលួយ ដោយសារ​ស្ដេច​យើង ដោយសារ​រាស្រ្ដ​យើង​ហ្នឹង​ល្ងង់ខ្លៅ​ពេញ​ស្រុក​ទាំងអស់ ឱន​ក្បាល​ក្រាប​តាម​តែ​គេ​ហ្នឹង។ ដឹង​អា​ហ្នឹង​ទៅ​ឈឺចាប់​រហូត​អ៊ីចឹង​មក ហើយ​ទទួល​រឿង​ឪពុក​ម្ដាយ​ខ្ញុំ​ពិបាក​ថែម​ទៀត មាន​ចិត្ត​ក្នុង​ខ្លួន​ថា​ធ្វើ​ម៉េច​ខំ​រៀន​ឲ្យ​បាន​ចេះ​ដឹង ទាស់​នឹង​បារាំង​ហ្នឹង​ខ្លាំង​ជាងគេ។ ខ្ញុំ​ខំ​ធ្វើ​ម៉េច​ឲ្យ​ប្រើ​ភាសា​ខ្មែរ​បាន សរសេរ​អក្សរ​ជា​អក្សរ​ពុម្ព​បាន ហើយ​យក​មក​ប្រើ​ដើម្បី​ឲ្យ​យើង​អាច​ឯករាជ្យ​បាន។ អា​ហ្នឹង​ជា​ប្រាថ្នា​ធំ​ជំនាន់​ហ្នុង គឺ​ថា ឯករាជ្យ​មិន​កើត គឺ​យើង​អត់​មាន​ម៉ាស៊ីន​សរសេរ។ សរសេរដៃ​ហ្នឹង​កិច្ចការ​រដ្ឋ​ទៅ​មិន​ទាន់​ទេ…»

សំ បូរិន្ទ ៖ ចំណុច​សំខាន់​ដែល​ថា បើសិន​ជា​ទាស់​តែ​ជាមួយ​បរទេស ជា​ពិសេស​ទាស់​ជាមួយ​នឹង​អាណានិគម​និយម​បារាំង​ក៏​ប្រហែល​ជា​មិន​មាន​បញ្ហា​ ធំដុំ​អី​នឹង​ចោទ​សួរ​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​មាន​ប្រសាសន៍​ខាង​ដើម​អម្បាញ់​មិញ គឺ​ទាស់​ទាំង​តែ​ពី​ជាមួយ​ព្រះករុណា ទាស់​ជាមួយ​ព្រះសង្ឃរាជ ទាស់​ជាមួយ​លោក​សេនាប្រមុខ លន់ នល់ ទាស់​ជាមួយ​លោក លន់ ណុន ទាស់​ជាមួយ​លោក ហង្ស ធនហាក់ ទាស់​ជាមួយ​នរណា​នរណី​គ្រប់​គ្នា​ទាំងអស់។

កេង វ៉ាន់សាក់ ៖ ពីព្រោះ​មក​ពី​គេ​មិន​ទទួល​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​យល់​គេ​ថា​សុទ្ធតែ​មនុស្ស​ធុន​អន់ គ្មាន​ឧត្ដមគតិ​ជាតិ​អី​ទេ គ្មាន​តម្លៃ​អី​ទាល់​តែ​សោះ គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ពុក​រលួយ អត់​មាន​ចំណេះ​ចេះ​ដឹង​វប្បធម៌​អី​ក្នុង​ខ្លួន។ ការ​ដែល​មើល​ឃើញ​អ៊ីចឹង​ថា​ជា​ការមើល​ងាយ​ក៏​បាន ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ច្បាស់​ប្រាប់​គេ​ឯង​ថា ខ្ញុំ​មើលងាយ​គេ​យ៉ាង​ម៉េច វា​មិន​សម ទោះ​ជា​គេ​យ៉ាង​ម៉េច​ក៏​គេ​នៅ​ស្ងៀម​ទៅ ប៉ុន្តែ​ក្នុង​ចិត្ត​ឃើញ​មាន​ពួក​អស់​ហ្នឹង​អត់​បាន​ការ​អី​ទាំងអស់ ហើយ​បង្ខូច​ស្រុក​ហ្នឹង​ឲ្យ​ធ្លាក់​ដល់​ប៉ុណ្ណឹង​ថែម​ទៀត។ ហើយ​បែរ​ទៅ​រាប់អាន​ស្រឡាញ់​ពួក​ក្មេងៗ​ដែល​គេ​គិត​នយោបាយ កែប្រែ​សង្គម​ម៉េចៗ​ហ្នឹង អា​ហ្នឹង​ដោយសារ​ស្អប់​របប​របៀប​ក្បួន​ល្ងង់​ងងឹត ពុក​រលួយ​ឃោរឃៅ​អី​ហូរហែ​មក​ហើយ​ហ្នឹង គិត​ស្មាន​ថា​ទៅ​រក​ជួប​អ្នក​ណា​ដែល​គេ​នៅ​ក្មេង​ស្មោះត្រង់ ស្អាតស្អំ ល្អ​អី​ហ្នឹង គេ​អាច​ធ្វើ​ជា​មនុស្ស​ត្រឹមត្រូវ រឿង​ជាតិ រឿង​ស្រុក​អី​ហ្នឹង។ ហើយ​ប៉ះ​ទៅ​សុទ្ធតែ​របៀប​ហ្នឹង ក្រោយ​មក​ហ្នឹង​ក៏​ពួក អៀង សារី ហ្នឹង  អា​ហ្នឹង​តាម​ខ្ញុំ​ទេ មិន​មែន​ខ្ញុំ​ទៅ​ដើរ​រក​ពួក​វា​ហ្នឹង​ទេ វា​ត្រូវការ​ខ្ញុំ​ហ្នឹង​អ៊ីចឹង ហើយ​ធ្វើ​ហ្នឹង​គ្រាន់តែ​ជា​មនុស្សធម៌​ហ្នឹង​ធំ​ណាស់ រឿង​នយោបាយ​ខ្ញុំ​ជា​អ្នក​ទាស់​នឹង​សង្គម​ហ្នឹង​ហើយ ពួក​វាៗ​ថា​វា​ទាស់​នឹង​សង្គម​ហ្នឹង​ដែរ អា​ហ្នឹង​វា​ស៊ី​គ្នា​តែ​ប៉ុណ្ណឺង វា​មិន​ដែល​ហួស​ទៅ​ណា​ទៅ​ទៀត។

ទោះ​បី​យ៉ាង​ណា​ក្ដី​ទាក់ទង​នឹង​ ប្រវត្តិ​ជីវិត លោក កេង វ៉ាន់សាក់ បើ​តាម​និទាន​មួយ​ផ្ដល់​ដោយ​អ្នកអង្គម្ចាស់​ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ គឺ​ជា​បុត្រា​ពៅ​បន្ទាប់ពី​បុត្រី​បង​ពីរ​នាក់​របស់​អ្នក​ម្នាង ហម ដែល​ជា​អ្នក​ម្នាង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជ​បង្កើត​របស់​ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅ​ក្រុង​កម្ពុជាធិបតី។

តាម​ប្រវត្តិ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទារក​ឈ្មោះ វ៉ាន់សាក់ ប្រសូត​នោះ​មាន​ហេតុ​អស្ចារ្យ​មួយ​ដោយ​មាន​ភាព​ងងឹត​ពេញ​ផ្ទៃ​រាជវាំង​ បណ្ដាល​ដោយ​សូរ្យគ្រាស គឺ​ព្រះ រាហូ​បាំង​ពន្លឺ​ថ្ងៃ​ពេញ​មួយ​ថ្ងៃ។ ស្រប​នឹង​ព្រឹត្តិការណ៍​នេះ​ក៏​មាន​ភាព​ចលាចល​កាប់​សម្លាប់​គ្នា​នៃ​ក្រុម​ រាជវង្ស​ក្នុង​ព្រះរាជវាំង​បណ្ដាល​ឲ្យ​សមាជិក​រាជវង្សានុវង្ស​ប្រមាណ​៤០​ ព្រះអង្គ​សោយទិវង្គត​នៅ​ថ្ងៃ​នោះ។ អ្នកអង្គម្ចាស់​ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យ​ដឹង​ទៀត​ថា ហោ​រារាជវាំង​បាន​ព្យាករណ៍​ថា មាន​ទារក​ចង្រៃ​កើត​ចំ​ថ្ងៃ​នោះ​ដែល​ត្រូវតែ​យក​ទៅ​ប្រហារ​ជីវិត​ឬ​បំបរបង់​ ចោល។ សូម​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​បាន​បញ្ជាក់​ឬ​បដិសេធ​នូវ​ប្រវត្តិ​ដែល​ បាន​ផ្ដល់​ដោយ​អ្នកអង្គម្ចាស់​ក្សត្រី អង្គឌួង នឹមសូហ្វីន ខាង​លើ​នេះ​ឡើយ។

រីឯ ​លោក​បណ្ឌិត កេង វ៉ាន់សាក់ ដែល​តែង​ទទួល​សារភាព​ថា​ជា​អ្នក​ប្រឆាំង​របប​រាជានិយម​ដ៏​ស្លាប់​រស់​ម្នាក់ ​នោះ​ធ្លាប់​ឲ្យ​ដឹង​ថា មាតា​របស់​លោក​បាន​ជ្រើសរើស​យក​ការចាកចេញ​ពី​រាជវាំង​ដើម្បី​រស់នៅ​និង​ ថែទាំ​លោក​ជា​រៀង​រហូត​មក។

ជា​ញឹកញាប់​លោក​បណ្ឌិត កេង វ៉ាន់សាក់ តែង​មាន​ប្រសាសន៍​ប្រាប់​អ្នក​ផង​ទាំង​ពួង​អំពី​ការជាប់​ចិត្ត​ដឹង​គុណ​ គ្មាន​ថ្ងៃ​ភ្លេច​បាន​និង​ពុំ​មាន​អ្វី​ប្រៀប​អំពី​គុណូបការៈ​ដ៏​ធំធេង​របស់ ​មាតា​លោក។ សូម្បី​លោក​មាន​ជន្មាយុ​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ​ក្ដី លោក​បណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់​បាន​ឲ្យ​ដឹង​ថា លោក​តែង​នឹក​ឃើញ​និង​មាន​ពេល​ខ្លះ​លោក​សម្រាន្ត​សោកសង្រេង​យំ​ខ្សឹកខ្សួល​ រហូត​ពេញ​មួយ​ថ្ងៃ​ក៏​មាន ព្រោះ​នឹក​ឃើញ​សម្ដី​ដ៏​ពិរោះ​ប្រកប​ដោយ​ក្ដី​មេត្តា ភាព​ថ្នាក់ថ្នម​លួងលោម​ឥត​ឃ្នើស​របស់​មាតា​លោក​ជានិច្ច​និង​ជា​ដរាប។

ក្នុង ​ពេល​មាន​ជីវិត​នៅ​ឡើយ លោក​បណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ជា​ច្រើន​រយ​ម៉ោង​អំពី​ រឿងរ៉ាវ​ផ្សេងៗ​ទាក់ទង​នឹង​ជនជាតិ​ខ្មែរ ដោយ​រួម​ទាំង​រឿង​អាថ៌កំបាំង​ក្នុង​បញ្ហា​ជាតិ​និង​នយោបាយ​ខ្មែរ​ព្រម​ទាំង​ ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ផង។ វិទ្យុ​អាស៊ីសេរី​នឹង​នាំ​មក​ជូន​ស្ដាប់​នូវ​វគ្គ​សម្ភាសន៍​សំខាន់ៗ​ខ្លះ​ ទាក់ទង​នឹង​រឿងរ៉ាវ​ខាង​លើ​ទៅ​តាម​ពេលវេលា​សមរម្យ​និង​ភាព​ដែល​អាច​ធ្វើ​ទៅ​ បាន​តាម​ការគួរ៕

សព ​បណ្ឌិត កេង វ៉ាន់សាក់ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​២៣ ធ្នូ នៅ​បារាំង

ជីវប្រវត្តិ ​សង្ខេប​របស់​ឧត្ដមសេនីយ៍ ហុក ឡងឌី (ភាគ២)

ជីវប្រវត្តិ ​សង្ខេប​របស់​ឧត្ដមសេនីយ៍ ហុក ឡងឌី (ភាគ១)

ប្រវត្តិ ​សង្ខេប​របស់​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម អៀង ធីរឹទ្ធ

Top of Form

Bottom of Form

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s