ព្រះពុទ្ធសាសនា

១.សង្គហធម៌

មាតាបិតាត្រូវសង្គ្រោះបុត្រធីតាដោយធម៌ ៥យ៉ាង គឺៈ

១.     បាបា និវារេន្តិ ហាមឃាត់កូន កុំឲ្រូវសង្គ្រោះកូនយ៉ាង គឺៈ

្យកូនធ្វើនូវអំពើបាប អំពើទុច្ចរិតផ្សេងៗ ។

២.    កល្យាណេ និវេសេន្តិ អប់រំឲ្យកូនតាំងនៅក្នុងអំពើល្អ មានកល្យាណធម៌ ។

៣.    សិប្បំ សិក្ខាបេន្តិ ទូន្មានឲ្យកូនសិក្សារៀនសូត្រនូវសិល្បវិទ្យា មានចំណេះដឹងក្នុងខ្លួន ។

៤.     បដិរូបេន ទារេន សំយោជេន្តិ រៀបចំគូស្រករឲ្យបានសមរម្យដល់បុត្រធីតា ។

៥.     សមយេ ទាយជ្ជំ និយ្យាទេន្តិ ចែកទ្រព្យឲ្យកូនក្នុងសម័យកាលដ៏សមគួរ ។

បុត្រធីតាត្រូវទំនុកបម្រុងមាតាបិតាដោយធម៌ ៥យ៉ាង គឺៈ

១.    ភតោ នេសំ ភរិស្សាមិ ចិញ្ចឹមមាតាបិតាតបវិញតាមដែលមាតាបិតាបានចិញ្ចឹមរក្សាខ្លួនជាកូនមកហើយ។

២.    កិច្ចំ នេសំ ករិស្សាមិ ជួយធ្វើការ បំពេញកិច្ចធុរៈរបស់មាតាបិតា ដោយការបំរើនូវអ្នក

មានគុណទាំងពីរដ៏យ៉ាងពេញចិត្ត ។

៣.    កុលវំសំ ឋបេស្សាមិ ថែរក្សាលើកតម្កើងតម្កល់នូវវង្សត្រកូលឲ្យបានល្អ មិនជាអ្នកបំផ្លាញនូវវង្សត្រកូលរបស់ខ្លួនឯងឡើយ ។

៤.     ទាយជ្ជំ បដិបជ្ជាមិ បដិបត្តិខ្លួនឲ្យបានសមគួរជាអ្នកទទួលនូវមរតក គឺកសាងខ្លួនឲ្យ

បានជាទាយាទដ៏ល្អ ។

៥.     បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ កាលមាតាបិតា ធ្វើកាលកិរិយាទៅកាន់បរលោក

ហើយ កូនប្រុសស្រីគប្បីធ្វើបុណ្យ ឧទ្ទិសនូវទក្ខិណាទានជូនទៅលោក កុំបីខាន។

សម្គាល់ៈ

ភារកិច្ចទី១ កូនត្រូវចិញ្ចឹមមាតាបិតា ដោយកត្តា ២យ៉ាង គឺៈ

១.    ចិញ្ចឹម ទំនុកបម្រុង បីបមថ្នាក់ថ្នម រក្សារូបរាងកាយមាតាបិតា (ទំនុកបម្រុង បច្ច័យ ៤ ) ។

២.    ចិញ្ចឹម ទំនុកបម្រុង បីបមថ្នាក់ថ្នម រក្សាផ្លូវចិត្តមាតាបិតា (សទ្ធា សីល សុត ចាគៈ បញ្ញា) ។

ភារកិច្ចទី២ កូនត្រូវជួយធ្វើការងាររបស់មាតាបិតា ដោយកត្តា ២យ៉ាង គឺៈ

១.     កិច្ចការងារក្នុងផ្ទះ

២.    កិច្ចការងារក្រៅផ្ទះ ។

ភារកិច្ចទី៣  លើកកម្ពស់វង្សត្រកូលបានត្រូវឈរលើកត្តា ២យ៉ាង គឺៈ

១.     ត្រូវបណ្ដុះបណ្ដាលសាងគុណធម៌នៅក្នុងចិត្ត ។

២.    ហាត់ពត់ចិត្តរៀនកសាងនូវសមត្ថភាពការងារ ( ចំណេះ ជំនាញ បទពិសោធន៍ ) ។

ភារកិច្ចទី៤ កូនដែលសមគួរនឹងទទួលនូវមរតកត្រូវឈរលើកត្តា ២យ៉ាង គឺៈ

១.     ត្រូវវៀរចាកអបាយមុខ

២.    មានសីលធម៌នៅក្នុងខ្លួន ។

ភារកិច្ចទី៥ កូនត្រូវធ្វើទក្ខិណានុប្បទានជូនមាតាបិតា ដូចខាងក្រោមៈ

១.     ត្រូវមានសាមគ្គីរវាងបងប្អូនឲ្យបានល្អ

២.    ចាត់ចែងធ្វើទានដោយសេចក្ដីគោរព

៣.    ទក្ខិណានុប្បទានត្រូវប្រកបដោយអង្គ ៣ គឺៈ

. អ្នកស្លាប់ទៅ រង់ចាំអនុមោទនា (បេតានំ អត្តនោ អនុមោទនេន)

. អ្នកធ្វើបុណ្យបង្អោនចិត្តឧទ្ទិសទៅឲ្យអ្នកស្លាប់ (ទាយកានំ ឧទ្ទិស្សេន )

. ធ្វើទានតាមរយៈទក្ខិណេយ្យបុគ្គល បានដល់ព្រះសង្ឃ និង លោកអ្នកមានសីល(ទក្ខិណេយ្យសម្បទាយ)

មាតាបិតាត្រូវពិចារណាថាៈ

មានកូនមិនឲ្យកូនសូត្ររៀន          ចំណេះរបៀនការនានា

មាតាលោកថាជាវេរា                 បិតាទុកជាសត្រូវធំ។

កូនពេញរូបពាលពត់មិនឡើង        ហៅថាមិនថ្កើនក្នុងជំនុំ

ប្រៀបដូចកុកគ្រោងចូលទ្រនុំ         កណ្កាលជំនុំនៃរាជហង្ស។

ដោយភិក្ខុៈ អឿន អេន ( សោភបណ្ឌិតោ )

សមណនិស្សិតពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ

២.ពាក្យថា បាប

          ពាក្យថា បាប នេះ ជាពាក្យដែលពុទ្ធបរិស័ទ ជាពិសេសពុទ្ធបរិស័ទខ្មែរ យើង ទូទាំងប្រទេសអាចនិយាយបានគ្រប់ៗគ្នាថា បាប បាប ដូចជា ភាសាខ្មែរ យើងទៅហើយ ប៉ុន្តែ ត្រង់ការយល់ដឹងចំពោះពាក្យថា “បាប” នេះ មិនដូចគ្នាទេ។

.អ្នកសិក្សាពុទ្ធសាសនាច្រើនៈ រមែងយល់បានច្បាស់លាស់

.អ្នកសិក្សាតិច យល់មិនបានទូលំទូលាយ

.ឯអ្នកដែលមិនបានសិក្សា គឺមិនយល់សោះឡើយ ។

         ពាក្យថា បាប ជាភាសាបាលីផង ជាភាសាសំស្ក្រឹតផង។ បើប្រែតាមអត្ថានុរូបថា “កម្មដែលញ៉ាំងសត្វឲ្យដល់នូវសេចក្ដីទុក្ខ លំបាក វិនាសហិនហោចខ្លោច ផ្សា ។ វិគ្គហៈ ថា សត្តេ អបាយាទិទុក្ខំ បាបេតីតិ= បាបំ (អកុសលំ) ប្រែថាៈ អកុសលញ៉ាំងសត្វឲ្យដល់នូវសេចក្ដីទុក្ខមានទុក្ខក្នុងអបាយជាដើម ឈ្មោះថា បាប (អំពើលាមក អំពើអាក្រក់ ) ។ បើប្រែតាមអត្ថប្បដិរូប អាចប្រែបានច្រើន យ៉ាងគឺៈ ប្រែថា សេចក្ដីខុស អំពើខិលខូច អំពើខុសច្បាប់ អំពើឈ្លានពាន..មាន អត្ថន័យថា អំពើណាឲ្យទុក្ខដល់ខ្លួនក្ដី ឲ្យទុក្ខដល់អ្នកដទៃក្ដី ឬ ឲ្យទុក្ខទាំងដល់ខ្លួន ទាំងដល់អ្នកដទៃក្ដី ឲ្យទុក្ខក្នុងបច្ចុប្បន្នកាលក្ដី ឲ្យទុក្ខក្នុងអនាគតកាលក្ដី អំពើនោះ ហៅថា អំពើបាប

អំពើបាបដែលបុគ្គលបាបតែងប្រព្រឹត្តមានច្រើនគឺៈ

បញ្ចវេរា អំពើមានពៀរ ៥យ៉ាង មានបាណាតិបាតជាដើម

អកុសលកម្មបថ ១០ ឬហៅថា ទុច្ចរិត ១០

លោភៈ ទោសៈ មោហៈ

មិច្ឆាជីវៈ

អបាយមុខ …  ។

 ពាក្យថា បុណ្យ

      ពាក្យថា បុណ្យនេះ ជាភាសាសំស្ក្រឹត មិនមែនជាភាសាខ្មែរយើងទេ តែខ្មែរយើងបានយកពាក្យនេះមកប្រើដូចជាភាសារបស់ខ្លួនទៅហើយ ត្រង់ការយល់អត្ថន័យចំពោះពាក្យថា បុណ្យនេះ មិនដូចគ្នាទេ អ្នកខ្លះ បានយល់ច្បាស់ លាស់ អ្នកខ្លះយល់មិនសូវច្បាស់ ឯអ្នកខ្លះទៀតមិនយល់ក៏មាន ។

ពាក្យថា បុណ្យនេះ ភាសាបាលីថា បុញ្ញ < បុ+ណ្យ>ញ្ញ ផ្សំបានជា បុញ្ញ ។  បុ ធាតុ ប្រែថា ជម្រះ, សំអាត  វិគ្គហថា អត្តសន្តានំ បុនាតិ សោធេតីតិ>បុញ្ញំ (ធម្មជាតំ) ប្រែថា ធម្មជាតណា ជម្រះនូវសន្តានចិត្តរបស់ខ្លួន ឬ សំអាតនូវ      សន្តានចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់ ធម្មជាតនោះ ឈ្មោះថា បុណ្យ ។

ពាក្យថា ជម្រះនូវសន្តានចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់ បានដល់ការធ្វើចិត្ត ឲ្យប្រាសចាកនូវសេចក្ដីសៅហ្មងមាន លោភៈ ទោសៈ មោហៈ ជាដើម ។

លោភៈ ចង់បានមិនចេះស្កប់ ធ្វើឲ្យហ៊ានលួច ឆក់ ប្លន់ បំបាត់ប្រវញ្ច.. ។

ទោសៈ ខឹងក្រោធ,ប្រទូស្តរាយ គុំកួនចងអាឃាត ព្យាបាទ.. ។

មោហៈ វង្វេងវង្វាន់ មិនដឹងខុសត្រូវ.. ។

លះលោភៈបានដោយការឲ្យទាន និង មានសេចក្ដីសន្តោស

        –លះទោសៈបានដោយការរក្សាសីល និង មានកល្យាណធម៌

លះមោហៈបានដោយការចម្រើនភាវនា គឺអប់រំចម្រើននូវបញ្ញា ។

ន័យមួយទៀតពាក្យថា បុណ្យនេះ លោកសំដៅយកសេចក្ដីសុខចម្រើនរីករាយដែលត្រូវបានដល់អ្នកធ្វើ ដូចមានពុទ្ធភាសិតសំដែងទុកក្នុងគម្ពីរ អង្គុត្តរ និកាយ សត្តកនិបាតថា មា ភិក្ខវេ បុញ្ញានំ ភយិត្ថ សុខស្ស តំ ភិក្ខវេ អធិវចនំ     យទិទំ បុញ្ញានំ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យដែលហៅថា បុណ្យនោះ  មិនគឺអ្វីដទៃឡើយ គឺជាឈ្មោះនៃសេចក្ដីសុខ, សេចក្ដីសុខនុ៎ះសោត ក៏ជាឈ្មោះរបស់បុណ្យ ។

 ហេតុដែលនាំឲ្យកើតបុណ្យ ឬ ប្រឡាយរបស់បុណ្យ មាន ៣ យ៉ាងគឺៈ

          ១. បសាទោ មានសេចក្ដីជ្រះថា្ល

២. សង្វេគោ មានចិត្តតក់ស្លុត

៣. តេសុចរិតា មានសេចក្ដីស្អាតដោយកាយ វាចា ចិត្ត ។

អំពើបុណ្យដែលបុញ្ញការី តែងតែធ្វើក្នុងជីវិតប្រចាំថ្ងៃមានច្រើនដូចជាៈ

ធ្វើទាន

រក្សាសីល

រក្សាកុសលកម្មបថ ១០

បំពេញបុញ្ញកិរិយាវត្ថុ ១០

មានសង្គហធម៌

មានព្រហ្មវិហារធម៌

មានកល្យាណធម៌ … ។

បុណ្យតែងផ្ដល់នូវសម្បទា ៥យ៉ាង ហៅថា បុញ្ញសម្បទា គឺៈ

១. ញាតិសម្បទា បរិបូណ៌ដោយញាតិ

២. អារោគ្យសម្បទា បរិបូណ៌ដោយការមិនមានរោគ

៣. សីលសម្បទា បរិបូណ៌ដោយសីល

៤. ភោគសម្បទា បរិបូណ៌ដោយភោគៈ

៥. ទិដ្ឋិសម្បទា បរិបូណ៌ដោយសម្មាទិដ្ឋិ  គឺប្រាជ្ញាយល់ឃើញត្រឹមត្រូវ។

បុណ្យមានអានិសង្ស ៥យ៉ាង គឺៈ

        ១. តិក្ខបញ្ញាវិសារទោ មានប្រាជ្ញាក្លៀវក្លាមុះមុត

២. សុវណ្ណតា មានពណ៌សម្បុរល្អ

៣. សុរូបតា មានរូបល្អ

៤. សុសណ្ឋានា មានទ្រង់ទ្រាយល្អ

៥. ចក្កវត្តិរាជា ហោតិ នឹងបានទៅជាស្ដេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ  ។

៣.អានិសង្សទាន មាន ៥យ៉ាង គឺៈ

         ១. ពហុជនស្ស បិយោ ហោតិ ជាទីស្រឡាញ់ពេញចិត្តដល់ជនច្រើន។

២. សន្តោ សប្បុរិសា ភជន្តិ សប្បុរសទាំងឡាយរមែងចូលចិត្ត ។

៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគច្ឆតិ កិត្តិស័ព្ទល្អ រមែងល្បីគ្រប់ទិសទី ។

៤. វិសារទោ ឧបសង្កមតិ តែងក្លៀវក្លានៅក្នុងទីប្រជុំជន ។

៥. កាយស្ស ភេទា បរម្មរណា សុគតឹ ឧបបជ្ជតិ បន្ទាប់អំពីបែកធ្លាយរាង កាយរមែងទៅកាន់សុគតិភពសួគ៌ទេវលោក។

អានិសង្សសីល មាន ៥យ៉ាង គឺៈ

         ១. អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ រមែងជួបប្រទះនូវគំនរភោគៈដ៏ច្រើន មិនមានជម្លោះ ព្រោះអាស្រ័យសេចក្ដីមិនប្រមាទ ។

២. កល្យាណោ កិត្តិសទ្ទោ អព្ភុគច្ឆតិ កិត្តិស័ព្ទល្អ រមែងល្បីគ្រប់ទិសទី ។

៣. វិសារទោ ឧបសង្កមតិ តែងក្លៀវក្លានៅក្នុងទីប្រជុំជន ។

៤.អសម្មុឡ្ហោ កាលំ ករោតិ  រមែងមិនវង្វេងនៅពេលជិតស្លាប់ ។

៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ បន្ទាប់អំពីបែកធ្លាយរាងកាយ រមែងទៅកាន់សុគតិភពសួគ៌ទេវលោក។

 អានិសង្សសីល បំព្រួញឲ្យខ្លី មាន ៣យ៉ាង គឺៈ

         ១. សីលេន សុគតឹ យន្តិ សត្វទាំងឡាយទៅកាន់សុគតិភពបានក៏ព្រោះសីល ។

២. សីលេន ភោគសម្បទា សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈក៏ព្រោះសីល ។

៣. សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វានបានក៏ព្រោះសីល ។

រាជធានីភ្នំពេញ វត្ត មហាមន្ត្រី កុដិលេខ២២

ដោយសមណនិស្សិត អឿន អេន ( សោភបណ្ឌិតោ )

៤.សំណួរ អំពីបុណ្យភ្ជុំបិណ្ឌ

១.      តើបុណ្យភ្ជុំបិណ្ឌ មានអត្ថន័យដូចម្ដេច?

២.      តើបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសកម្ពុជា មានរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ?

មានរយៈពេលប៉ុន្មានថ្ងៃ? ថ្ងៃនីមួយៗមានឈ្មោះហៅ ដូចម្ដេច?

៣.      តើបុណ្យភ្ឌុំបិណ្ឌ មានប្រភពមកពីណា?

៤.      បុណ្យភ្ជុំបិណ្ឌនេះ ហេតុអ្វីធ្វើនៅខែ ភទ្របទ ខាងរនោច?

៥.      មតិមួយលើកឡើងថា ពេលបុណ្យភ្ជុំបិណ្ឌស្ដេចយមរាជដោះលែង ពួកនរក ប្រេត ឲ្យមានសិទ្ធិសេរីភាព មកទទួលបុណ្យកុសលពីកូនចៅ ញាតិមិត្ត តើពិតមែនឬ?

៦.      ចូររៀបរាប់ ពួកសត្វ នរក ប្រេត ដែលរងទុក្ខវេទនា ខ្លះៗ មកមើល?

៧.      តើបុណ្យភ្ជុំបិណ្ឌ មានគោលបំណង និង រួមចំណែកក្នុងការអភិវឌ្ឍសង្គមអ្វីខ្លះ?

៨.      ហេតុអ្វី បានជានៅពេលបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃសូត្រ បរាភវសូត្រ?

បុណ្យផ្សេងទៀត មិនឃើញមានសូត្រ?

 សំណួរ អំពីភ្នំខ្សាច់

១.      តើអ្វី ជាភ្នំខ្សាច់?

២.      តើគេពូនភ្នំខ្សាច់ ដើម្បីអ្វី ?

៣.      តើការពូនភ្នំខ្សាច់នេះ មានរឿងរ៉ាវពីអតីតជាលំអានមកយ៉ាងដូចម្ដេច?

 សំណួរ អំពីការបណ្ដែតប្រទីប

១.      តើអ្វីទៅ ជាប្រទីប ?

២.      ពុទ្ធបរិស័ទបណ្ដែតប្រទីប ក្នុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីអ្វី ?

 គោលបំណងបុណ្យភ្ជុំបិណ្ឌ

១.      ដើម្បីឧបត្ថម្ភ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា

២.      ឧទ្ទិសកុសលជូនដល់បុព្វការីជន

៣.      ដើម្បីបានសេចក្ដីសុខដល់ខ្លួន និង ពួកញាតិ ដោយអំណាចអានិសង្សបុណ្យ

៤.      បង្កើតនូវសាមគ្គីធម៌ កសាងជាតិ សាសនា ឲ្យបានរុងរឿង ។

៥.      ថែរក្សាទំនៀមទម្លាប់ ប្រពៃណី ពុទ្ធសាសនាជាតិខ្មែរ ឲ្យបានគង់វង្ស រុងរឿង។

 បុណ្យភ្ជុំបិណ្ឌ

        បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីចំបងមួយ ក្នុងចំណោមបុណ្យប្រពៃណីផ្សេងៗ ទៀតរបស់ប្រជាជនកម្ពុជា។ បុណ្យនេះ មានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធរបស់ បុព្វបុរស ញាតិសន្ដាន ដែលបានធ្វើមរណកាលទៅហើយ ។

១.    របៀបភ្ជុំបិណ្ឌរបស់ខ្មែរ

ប្រជាជនកម្ពុជា ប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌ ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ហៅថា ថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ ឫក៏ហៅថា ថ្ងៃវេនបិណ្ឌ ហើយថ្ងៃ ១៥រោច ហៅថា ថ្ងៃភ្ជុំបិណ្ឌ។

ក្នុងឱកាសកាន់បិណ្ឌនេះ ពុទ្ធបរិស៍ទចំណុះជើងវត្តនីមួយៗ បានបែងចែកគ្នាជាវេន ១៤ថ្ងៃ ឬ១៤បិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ នៅពេលយប់ គេប្រជុំគ្នាប្រគេន ជូនភេសជ្ជៈ ចំពោះ ព្រះសង្ឃ  និងចាស់ព្រឹទ្ធាចារ្យ នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងធ៌មទេសនា។ ព្រឹកឡើងប្រគេនយាគូភត្តាហារ ដើម្បីឧទ្ទិស កុសលចំពោះវិញ្ញាណក្ខន្ធក្រុមគ្រួសារ ញាតិមិត្តរបស់គេ ដែលបានធ្វើមរណកាលទៅហើយនោះ។

ប្រជាជននិយមធ្វើនំផ្សេងៗ មានអន្សម នំគម ជាដើមសម្រាប់ប្រគេនព្រះសង្ឃ សែនព្រេន និងជូនឪពុកម្តាយ ចាស់ទុំ ញាតិមិត្តរបស់គេក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទវេនបិណ្ឌ អញ្ជើញមកចូលរួមយ៉ាងកុះករ ប្រគេនចង្ហាន់ព្រះសង្ឃ និងបង្សុកូល ដួចថ្ងៃកាន់បិណ្ឌដែរ ប៉ុន្តែថ្ងៃនេះមានលក្ខណៈអធិក អធមជាងថ្ងៃកាន់បិណ្ឌកន្លងមក។ នៅតំបន់ខ្លះ ពេលល្ងាចថ្ងៃ១៥រោច  គ្រួសារនីមួយៗ រៀបចំពិធីសែនព្រេនជូនជីដូនជីតាតាមទម្លាប់។ លុះព្រលឹមស្រាងៗថ្ងៃ ១កើត ខែអស្សុជ គេរៀបចំ នំចំណី ផ្លែឈើ…ដុតទៀន ធូប ដាក់ក្នុងទូកដែលធ្វើពីស្រទបចេកបណ្តែត តាមទឹកដើម្បីជាកិច្ចជូនដំណើរជីដូនជីតាត្រឡប់ទៅវិញ។

២.   ប្រភពនៃការកាន់បិណ្ឌ

បើតាមការស្រាវជ្រាវ ឃើញថា ប្រភពនៃការកាន់បិណ្ឌ អ្នកប្រាជ្ញតាមមាគ៌ាព្រះពុទ្ធសាសនាបានលើកយកគម្ពីរ ជាមូលដ្ឋានចំនួន ៤ គឺៈ

ក. គម្ពីរធម្មបទដ្ឋកថា

ខ. គម្ពីរបេតវត្ថុ

គ. សាស្ត្រាអានិសង្សបិណ្ឌ

ឃ. សាស្ត្រាវិជ្ជាធរ

គម្ពីរធម្មបទ និង គម្ពីរបេតវត្ថុ ពុំបានបញ្ជាក់កាលបរិច្ឆេទនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរទេ។ រីឯសាស្ត្រាអានិសង្សបិណ្ឌ និងសាស្ត្រាវិជ្ជាធរ បានកំណត់កាលបរិច្ឆេទ     ច្បាស់លាស់ គឺពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ បុណ្យភ្ជុំបិណ្ឌ ។

គម្ពីរធម្មបទ ជាអដ្ឋកថា ភាសាបាលី សរសេរឡើងដោយព្រះពុទ្ធឃោសាចារ្យ និង គម្ពីរបេតវត្ថុ ជាអដ្ឋកថា ភាសាបាលី សរសេរឡើងដោយព្រះធម្មបាល ។ សាស្ត្រាវិជ្ជាធរ និង សាស្ត្រាអានិសង្សបិណ្ឌ គ្មានឈ្មោះអ្នកនិពន្ធ ហើយមិនដឹងជាសរសេរឡើងក្នុងពុទ្ធ សតវត្សទីប៉ុន្មានឡើយ។

ការកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ក៏ពុំដឹងជាគេផ្ដើមឡើងក្នុងរជ្ជកាលស្ដេចអង្គណា? ក្នុងពុទ្ធសករាជ ឬគ្រឹសករាជប៉ុន្មានដែរ ប៉ុន្តែ ក្នុងព្រះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះ បាទអង្គដួង គ.ស. ១៨៤៨ ដល់១៨៥៩ មានបញ្ជាក់សេចក្ដីបន្តិចថា ថ្ងៃ ១រោច ខែ ភទ្របទ កាន់បិណ្ឌក្នុងព្រះបរមរាជវាំង ថ្ងៃ ១៤រោច ខែភទ្របទ ព្រះរាជាចេញថ្វាយព្រះបិតរ ថ្ងៃ ១៥រោច ខែភទ្របទ ទេសនាគាថាពាន់ ប៉ុណ្ណោះ ។

អ្នកប្រាជ្ញព្រះពុទ្ធសាសនាខ្លះ យល់ថាបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌរបស់ខ្មែរនេះ មានប្រភពចេញពីគម្ពីរព្រះពុទ្ធសាសនា មានគម្ពីរធម្មបទដ្ឋកថា និង គម្ពីរបេតវត្ថុនេះ ជា ដើម។ រីឯសាស្ត្រាវិជ្ជាធរក្ដី សាស្ត្រាអានិសង្សបិណ្ឌក្ដី ក៏មានប្រភពចេញពីគម្ពីរពុទ្ធសាសនា ដែរ គ្រាន់តែអ្នកប្រាជ្ញខ្មែរយើងយកមកច្នៃប្រឌិត សម្របសម្រួលទៅតាមលក្ខណៈពិសេស របស់ទឹកដី និង ប្រជាជនខ្មែរប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ ក៏គម្ពីរសាស្ត្រា ដែល លើកយកមកបង្ហាញខាងលើនេះ មានគោលបំណងដូចគ្នាៈ

. បង្ហាញពីទស្សនៈពុទ្ធសាសនា ស្ដីពីទក្ខិណានុប្បទានដែលធ្វើឡើង សម្រាប់ឧទ្ទិសនូវកុសលផលបុណ្យដល់អ្នកស្លាប់ទៅហើយ។

. ដើម្បីបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ក្នុងការស្វែងរកបិណ្ឌបាត ព្រោះរយៈ ពេលនេះ អាកាសធាតុអាប់អួរ ផ្ទៃមេឃក្រាស់ដោយពពក ភ្លៀងធ្លាក់រលឹមជាប់ ។

. បង្ហាញពីមនោសញ្ចេតនារបស់គ្រួសារខ្មែរ ដែលតែងតែមានផ្នត់សម្ពន្ធភាពយ៉ាង ស្អិតល្មួតរវាងគ្នានិងគ្នា ទោះបីជាអ្នកណាមួយក្នុងគ្រួសារ ត្រូវបាត់បង់ជីវិតទៅហើយក៏ដោយ ក៏ពុំអាចរលុប ភ្លេចបានដែរ។

៣.    អ្វីហៅថា ការកាន់បិណ្ឌ ឬ ដាក់បិណ្ឌ ?

ផ្នត់គំនិតរបស់ខ្មែរ កាលបើគេនឹកឃើញដល់មាតាបិតា ឬញាតកាណាមួយ គេតែងធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនដល់អ្នកនោះ។ តែការធ្វើកុសលតាមបំណងរបស់ខ្លួន ឃើញមានថ្ងៃខ្លះ មានពុទ្ធបរិស័ទចំនួនច្រើនលើសលប់ មានចង្ហាន់ព្រះសង្ឃឆាន់មិនអស់ តែថ្ងៃខ្លះ ពុទ្ធបរិស័ទមានតិច ឬគ្មាន ធ្វើឲ្យព្រះសង្ឃមានចង្ហាន់ឆាន់មិនគ្រប់គ្រាន់ ឬគ្មានចង្ហាន់ឆាន់សោះ។

ដោយមានមូលហេតុដូចខាងលើនេះហើយ ទើបធ្វើឲ្យពុទ្ធបរិស័ទធ្វើចង្ហាន់យកទៅប្រគេនតាមក្រុម តាមការសន្មតគ្នារហូតមកដល់សព្វថ្ងៃ ដែលយើងហៅថា ដាក់វេន ឬ

តាមវេន។

តែនៅខាងដើមនៃថ្ងៃចូលព្រះវស្សា  ប្រជាពុទ្ធបរិស័ទជាប់រវល់ស្ទូងដកច្រើន មិនអាចរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃតាមវេន ឲ្យគ្រប់ ៣ខែបាន។ លុះដល់ថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ទើបបានសន្មតគ្នា ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃតាមវេន ដែលគេហៅថា ដាក់បិណ្ឌ ឬ កាន់បិណ្ឌ ជារៀងរាល់ឆ្នាំ្។

ឯថ្ងៃផ្សេងពីថ្ងៃទាំង ១៥ខាងលើនេះ ពុទ្ធបរិស័ទធ្វើបុណ្យតាមសទ្ធារៀងៗខ្លួន ។

ភ្ជុំបិណ្ឌ

ពាក្យថា ភ្ជុំបិណ្ឌ គឺគេប្រមូលវេន ឬក្រុមមនុស្សអ្នកកាន់បិណ្ឌ ឬដាក់បិណ្ឌ ចំនួន ១៤វេន ឬ ១៤ក្រុមនោះ មកធ្វើរួមគ្នាតែមួយថ្ងៃ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ។

៤.    គោលបំណងបុណ្យភ្ជុំបិណ្ឌ

១. ដើម្បីឧបត្ថម្ភ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា

២. ឧទ្ទិសកុសលជូនដល់បុព្វការីជន

៣. ដើម្បីបានសេចក្ដីសុខដល់ខ្លួន និង ពួកញាតិ ដោយអំណាចអានិសង្សបុណ្យ

៤. បង្កើតនូវសាមគ្គីធម៌ កសាងជាតិ សាសនា ឲ្យបានរុងរឿង ។

៥. ថែរក្សាទំនៀមទម្លាប់ ប្រពៃណី ពុទ្ធសាសនាជាតិខ្មែរ ឲ្យបានគង់វង្ស រុងរឿង។

៥.    ការឧទ្ទិសផលបុណ្យ

ការឧទ្ទិសផលបុណ្យនេះ គឺពុទ្ធបរិស័ទយកទេយ្យវត្ថុអ្វីមួយទៅជូនឧបាសក ឧបាសិកា អ្នកជាប់ត្រៃសរណគមន៍ អ្នកមានសីល ឬព្រះសង្ឃ។ បើឧបាសក ឧបាសិកាឬព្រះសង្ឃ បានទទួលហើយ អ្នកម្ចាស់ទាន អាចឧទ្ទិសផលដល់អ្នកណាម្នាក់ដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខ បានដូចបំណងហើយ។

ការឧទ្ទិសផលបុណ្យនេះ ក្នុងគោលបំណងជូនចំពោះបុព្វការីជនដែលភ្លាត់គតិទៅ កើតនៅអបាយភូមិ មានកំណើតប្រេតជាដើម សូមឲ្យរួចរំដោះចាកទុក្ខ កម្មពៀរ៍វេរាទាំង ឡាយទាំងពួង ហើយបដិសន្ធិក្នុងទីដ៏ខ្ពង់ខ្ពស់សមតាមបំណងប៉ងប្រាថ្នា រហូតដល់ព្រះនិព្វានជាទីអវសាន។

៦.    ពិចារណារឿងប្រេត

តើប្រេតជាអ្វី?

ប្រេតជាពាក្យសំស្ក្រឹត បើបាលីហៅថា បេត ។

ពាក្យថា ប្រេត បើយោងតាម បទានុក្រម ធម្មបទ ភាគ៣ ទំព័រ ១៧៥

.បេត< ប.បុព្វបទ+ ឥ.ធាតុ +ត.បច្ច័យ ប្រែថាៈ

.អ្នកទៅកាន់បរលោក អ្នកទៅកាន់លោកខាងមុខ

វិ.បរលោកំ ឯតិ គច្ឆតីតិ> បេតោ (បុគ្គលោ)

.វចនានុក្រមខ្មែរ ទំព័រ ៦៨៤

ប្រេត (សំ. បា.បេត) សត្វកើតក្នុងអបាយភូមិពួកមួយៈ ពួកប្រេត។ គុ. អ្នកដែលធ្វើ មរណកាលទៅកាន់បរលោកហើយ។

.វចនានុក្រមខ្មែរ ទំព័រ ៦៤៧

អបាយភូមិៈ ជាន់ឬឋានអបាយ កំណើតសត្វ ដែលប្រាសចាកសេចក្ដីចម្រើន មានពួកនរក ប្រេត តិរច្ឆាន អសុរកាយ ទាំង ៤នេះជាអបាយភូមិ។

ប្រេត គឺជាសត្វដែលបានកើតក្នុងអបាយភូមិ ជាក្រុមសត្វទទួលរងនូវទុក្ខវេទនា ដោយអំណាចនៃបាបកម្ម ស៊ីតែវត្ថុមិនស្អាត ជាវត្ថុលាយដោយខ្ទុះនិងឈាម។ ពួកប្រេតបានដើររកស៊ីតាមសំយាបផ្ទះញាតិ និងទីមិនស្អាតនានា…។

ប្រេតមានច្រើនពួក តែបើបំព្រួញឲ្យខ្លី នៅត្រឹមតែ ៤ពួកគឺៈ

១. ឧតូបជីវី ពួកប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម…

២. ខុប្បបាសិក ពួកប្រេតដែលស្គាល់តែទុក្ខវេទនាដោយការស្រេកឃ្លានជានិច្ច

៣. និជ្ឈាមតណ្ហិក ពួកប្រេតដែលភ្លើងឆេះជានិច្ច

៤. បរទត្តូបជីវី ពួកប្រេតដែលចិញ្ចឹមជីវិតដោយផលទាន ដែលគេឧទ្ទិសឲ្យ។

ពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិស ផលរាល់ឆ្នាំរាល់លើក។ យើងត្រូវយក បង្អែម ចំអាប ដែលយើងហៅថា បិណ្ឌនោះ ទៅ ប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃ ហើយឧទ្ទិសផលដោយវាចា មានដើមថា”ផលទាន នៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើម ដែលទៅកាន់បរលោកហើយ”។

យើងត្រូវធ្វើបែបនេះ ជារៀងរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌ ទើបពួក ប្រេតដែលត្រូវជាញាតិរបស់ខ្លួន បានរួចរំដោះចាកទុក្ខទាំងពួងបាន។

រៀបរៀងដោយ ខ្ញុំព្រះករុណា អាត្មាភាព

ភិក្ខុ សោភបណ្ឌិតោ អឿន អេន

សមណនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

និងជាសមណនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស

៥.វិជ្ជា ៣

     ១. បុព្វេនិវាសានុស្សតិញ្ញាណៈ ចេះដឹងរឭកជាតិបាន

២. ចុតូបបាតញ្ញាណៈ ចេះដឹងកំណត់ច្យុតនិងបដិសន្ធិនៃសត្វ

៣. អាសវក្ខយញ្ញាណៈ បញ្ញាកំណត់ដឹងនូងធម៌ជាទីអស់ទៅ នៃអាសវៈ ។

វិជ្ជា ៨

        ១. វិបស្សនាញាណៈ ការពិចារណាឃើញរូបនិងនាម ។

២. មនោមយិទ្ធិៈ ឫទ្ធិដែលសម្រេចតាមចិត្ត ។

៣.ឥទ្ធិវិធិ  សម្ដែងឫទ្ធិបាន ។

៤.ទិព្វសោតៈ ត្រចៀកទិព្វ ។

៥. ចេតោបរិយញ្ញាណៈ កំណត់ដឹងចិត្តរបស់បុគ្គលដទៃបាន។

៦.បុព្វេនិវាសានុស្សតិញ្ញាណៈ  ការរឭកឃើញជាតិក្នុងកាលមុន។

៧. ទិព្វចក្ខុ  ភ្នែកទិព្វ  ។

៨. អាសវក្ខយញ្ញាណ  បញ្ញាកំណត់ដឹងនូវធម៌ជាទីអស់ទៅនៃ អាសវៈ ។

វិជ្ជា ប្រែថា “ការចេះដឹង,ប្រាជ្ញាជាគ្រឿងយល់ច្បាស់, គុណជាតិសម្រាប់ចោះទម្លុះនូវអវិជ្ជា” ។ វិជ្ជានេះ ដោយភូមិមាន ២ យ៉ាង គឺ លោកិយវិជ្ជា ឬហៅថា វិជ្ជាផ្លូវលោក១,លោកុត្តរវិជ្ជា វិជ្ជា ដែលឆ្លងចាកលោក ឬហៅថា វិជ្ជាផ្លូវធម៌១ ។ វិជ្ជាក្នុងផ្លូវធម៌នេះ មាន៣ យ៉ាង និង ៨ យ៉ាងដូចបានរៀបរាប់រួចហើយ ។

 ចរណៈ ១៥

        ចរណៈ ទាំង១៥ ចែកចេញជា ៣ ពួកគឺ សីល ជាពួកទី១,សទ្ធម្ម ជាពួកទី ២,ឈាន ជាពួកទី ៣ ។

ពួកទី១ សីល

        ១. សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល ។

២. ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦ ។

៣. ភោជនេ មត្តញ្ញុតា សេចក្ដីដឹងប្រមាណក្នុងភោជន ។

៤. ជាគរិយានុយោគៈ ប្រកបរឿយៗ ក្នុងការភ្ញាក់រឭក ។

ពួកទី២ សទ្ធម្ម ៧យ៉ាង

        ៥. សទ្ធា ការជឿហេតុផលដែលគួរជឿ ។

៦. ហិរិ សេចក្ដីខ្មាសបាប ។

៧. ឱត្តប្បៈ សេចក្ដីតក់ស្លុតខ្លាចបាប ។

៨. ពាហុសច្ចៈ  ភាពជាអ្នករៀនសូត្រច្រើន ។

៩. វីរិយៈ  សេចក្ដីប្រឹងប្រែង ព្យាយាម ។

១០. សតិ  សេចក្ដីរឭកចាំបាន ។

១១. បញ្ញា  ការដឹងច្បាស់ទូទៅ ។

ពួកទី៣ រូបជ្ឈាន

        ១២. បឋមជ្ឈាន ឈានទី១ ប្រកបដោយអង្គ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ។

១៣. ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា ។

១៤. តតិយជ្ឈាន ឈានទី៣ ប្រកបដោយអង្គ២ គឺ សុខៈ ឯកគ្គតា ។

១៥. ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា ឧបេក្ខា ។

 លក្ខណៈរបស់បុគ្គលមានសទ្ធា ៣ យ៉ាង

        ១.ទស្សនកាមោ សីលវតំ ចង់ឃើញពួកបុគ្គលអ្នកមានសីល។

២.សទ្ធម្មំ សោតុមិច្ឆតិ ចង់ស្ដាប់នូវព្រះសទ្ធម្ម ។

៣.វិនេយ្យ មច្ឆេរមលំ កំចាត់បង់នូវមន្ទិល គឺសេចក្ដីកំណាញ់។

សវេ សទ្ធោតិ វុច្ចតិ បុគ្គលនោះឯង ហៅថា អ្នកមានសទ្ធា ។

(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ១២១)

 អំពីសទ្ធា

សទ្ធាមាន ២ យ៉ាង

        ១. លោកិយសទ្ធា ជំនឿរបស់លោកិយជន គឺបុគ្គលដែលនៅ ញាប់ញ័រក្នុងលោក ។

២. លោកុត្តរសទ្ធា ជំនឿរបស់បុគ្គលដែលឆ្លងចេញចាកលោក។

 សទ្ធាមាន ៣ យ៉ាង

        ១. បសាទស្សទ្ធា ជំនឿព្រោះអាស្រ័យសេចក្ដីជ្រះថ្លា ។

២.ឱកប្បនស្សទ្ធា ជំនឿក្នុងកិរិយាចុះស៊ប់ចំពោះហេតុផល ដែលគួរជឿ ។

៣. អចលស្សទ្ធា ជំនឿដែលស្ថិតនៅដោយមិនកំរើកញាប់ញ័រ។

សទ្ធាមាន ៤ យ៉ាង

 ១. កម្មស្សទ្ធា ជំនឿចំពោះកម្ម ដោយឃើញថា កម្ម គឺអំពើ ដែលបុគ្គលធ្វើ ទោះជាកល្យាណកម្ម ឬបាបកម្ម,កម្មនេះ ឈ្មោះថា ជាហេតុ ។

២. វិបាកស្សទ្ធា ជំនឿចំពោះផលរបស់កម្ម ។

៣. កម្មស្សកតាសទ្ធា ជំនឿដោយឃើញថា សត្វមានកម្ម ជារបស់ខ្លួន ។

៤. តថាគតពោធិស្សទ្ធា ជំនឿចំពោះការត្រាស់ដឹង នៃព្រះ តថាគត អរហន្តសម្មាសម្ពុទ្ធ ។

តថាគតពោធិស្សទ្ធា ចែកចេញជា ២ យ៉ាង

 ១. កាលិកសទ្ធា ជំនឿក្នុងព្រះនាមទាំង៩ មានអរហំជាដើម ។

២. អកាលិកសទ្ធា ជំនឿក្នុងបារមី ទាំង ១០ ។

ដោយសមណនិស្សិត អឿន អេន

បច្ចុប្បន្នស្នាក់នៅរាជធានី ភ្នំពេញ

 វត្ត មហាមន្ត្រី កុដិលេខ ២២

Tel : 017 695162

អ៊ីម៉េលៈ Oeurnen715@gmail.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s