ភាសាវិទ្យា

 

កំហុសនៃការសរសេរមួយចំនួនដែលកើតមានក្នុងភាសាខ្មែរ

សីហា 22, 2011

អត្ថបទដោយ ហាក់ គីមថុង

>>[អានបន្ត….]

កំហុសនៃការសរសេរមួយចំនួនដែលកើតមានក្នុងភាសាខ្មែរ

នៅ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ យើងឃើញថា គេហទំព័រ សៀវភៅ និង ឯកសារជាភាសាខ្មែរមានការីកចម្រើនគួរឲ្យកត់សម្គាល់ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាជាតិយើងទាំងមូល។ ប៉ុន្តែអ្វីដែលយើងមិនគួរមើលរំលងនោះគឺបញ្ហាកំហុសអក្ខរាវិរុទ្ធ និងការប្រើប្រាស់ពាក្យ ដែលតែងតែកើតមានជាញយៗ ដែលវាអាចបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមានទៅថ្ងៃអនាគត។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគិតគូរ និងបានបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ក្នុងគោលបំណងដោះស្រាយវិបត្តិភាសាខ្មែរ ដើម្បីស្វែងរកឯកភាពជូនភាសាជាតិយើង។ដើម្បី រួមចំណែកអភិវឌ្ឍភាសាខ្មែរ ថ្ងៃនេះ “គំនិត” សូមលើកយកកំហុសនៃការសរសេរមួយចំនួនដែលតែងតែកើតមាន នៅតាមបណ្តាគេហទំព័រ សៀវភៅ និងឯកសារផ្សេងៗមួយចំនួន មកធ្វើការចុះផ្សាយក្នុងគោលបំណងដើម្បីកាត់បន្ថយកំហុសទាំងនោះ និងកុំឲ្យមានការភ័ន្តច្រឡំបន្តទៅទៀត។១- ពាក្យទាំងអស់ត្រូវសរសេរដោយផ្អែកតាមវចនានុក្រមខ្មែរដែលចងក្រងដោយសម្តេចព្រះសង្ឃរាជ ជួនណាតយើង ឃើញថា ការសរសេរអត្ថបទមួយចំនួនគឺសរសេរឡើងដោយមិនបានគោរពតាម ក្រិតក្រមវចនានុក្រមខ្មែរនោះទេ។ អត្ថបទទាំងនោះគឺត្រូវបានសរសេរឡើងដោយប្រើប្រាស់ព្យាង្គរាយ ដែលខុសនឹងពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរដែលចងក្រងដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត។ ឧទាហរណ៍៖ សម្រស់ ចម្រៀង ចម្លើយ ចម្ងាយ សម្តី គេបែរជាសរសេរថា សំរស់ ចំរៀង ចំលើយ ចំងាយ និងសំដីជាដើម។ យោងតាមសេក្តីប្រកាសរបស់រាជបណ្ឌិតសភាកម្ពុជាបានសម្រេចថា រាល់ការសរសេរទាំងអស់ត្រូវអនុវត្តតាមវចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានបោះ ពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ឆ្នាំ១៩៦៧ រួមទាំងអក្ខរាវិរុទ្ធដែលមានការឯកភាពពីគណៈកម្មាធិការជាតិភាសា ខ្មែរ។ ដូចនេះសង្ឃឹមថាសិស្សានុសិស្ស អ្នកនិព្ធ និងកវីទាំងអស់ នឹងធ្វើការសរសេរដោយប្រុងប្រយ័ត្នជាអតិបរិមា ដើម្បីកាត់បន្ថយរាល់កំហុសដែលអាចកើតមានឲ្យបានច្រើនបំផុតដែលអាច ធ្វើបាន។ ការធ្វើដូចនេះ នឹងធ្វើឲ្យភាសាខ្មែរយើងមានការរីកចម្រើនទៅមុខកាន់តែលឿន និងឆ្ពោះទៅរកឯកភាពភាសាជាតិកាន់តែឆាប់រហ័ស។២-ការយល់ច្រឡំរវាងយុគលពិន្ទុ ឬចុចពីរ នឹងស្រៈ ះមាន អត្ថបទដែលបានបោះពុម្ភជាច្រើន ដែលមានការភ័ន្តច្រឡំនៅក្នុងបញ្ហា(ការប្រើប្រាស់ស្រៈនិងសញ្ញា)នេះ។ មានអ្នកនិពន្ធ និងកវីមួយចំនួនតែងតែប្រើស្រៈ “ះ” ជំនួសដោយការប្រើប្រាស់យុគលពិន្ទុ។ តាមក្រិតក្រម យុគលពិន្ទុគឺគេប្រើនៅពេលដែលយើងចង់បានសូរ “អាក់”  រីឯស្រៈ “ះ” ត្រូវបានគេប្រើនៅពេលដែលយើងចង់បានសូរ “អាស់”។ ប៉ុន្តែមានកំហុសមួយចំនួនដែលតែងតែកើតមានជារឿយៗ ដូចជាការសរសេរពាក្យថា រយៈ, ស្រៈ, ព្យញ្ជនៈ, លក្ខណៈ ទៅជា រយះ, ស្រះ, ព្យញ្ជនះ, លក្ខណះ ទៅវិញ។ ពាក្យទាំងនេះគឺមានន័យ ខុសគ្នាស្រឡះ ហើយជួនកាលគឺខុសតែម្តង។ ឧទាហរណ៍ រយៈ មានន័យថា សង្កាត់, ថ្នាក់, ភាគ, កម្រិត រីឯរយះ មានន័យថាបែករហែកញែកចេញពីគ្នា។ រីឯការអានទៀតសោតក៏មានភាពខុសគ្នាផងដែរ ដោយរយៈ គេអានថា”រយាក់” រីឯរយះ គេអានថា”រយាស់”។ សង្ឃឹមថា រាល់ការសរសេរទាំងអស់ត្រូវឆ្លងកាត់ នឹងមានការពិនិត្យឲ្យបានត្រឹមត្រូវ និងម៉តចត់ថាតើត្រូវប្រើយុគលពិន្ទុ ”ៈ”  ឬក៏ស្រះ “ះ” ក្នុងការសរសេរ។៣-ការសេរសេរ “ឲ្យ” និង “ឱ្យ”យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ការសរសេរ ពាក្យថាឱ្យជាព្យាង្គរាយ “អោយ” និង “ឱយ” មិនត្រូវបាន យល់ព្រមឲ្យប្រើឡើយ។ ប៉ុន្តែការសរសេរ “អោយ” និង “ឱយ” នៅតែឃើញកើតមានជាច្រើន។រីឯបញ្ហាមួយទៀតដែលមានការសរសេរថា “ឲ្យ” ដែលអានថា “អោយ”ដែរនោះ គឺនៅមាន មួយចំនួនសរសេរខុសទៅជា “ឲ” ដោយមិនបានសរសេរជាមួយនឹង “្យ”។សង្ឃឹម ថា ក្រោយពីបានអានអត្ថបទនេះរួចហើយ ប្រិយមិត្តដែលធ្លាប់សរសេរពាក្យខុសដោយអចេតនាឬចេតនាក្តី នឹងធ្វើការកែប្រែឲ្យបានត្រឹមត្រូវឡើងវិញទៅតាមក្បួនច្បាប់។ គំនិតមិនមែនជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រអ្វីនោះទេ ហើយក៏មិនធានាថារាល់អត្ថបទដែលចុះផ្សាយនៅក្នុងគេហទំព័រនេះសុទ្ធ តែត្រឹមត្រូវ១០០%នោះដែរ ប៉ុន្តែគំនិតគ្រាន់តែចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចដែលខ្លួន មាន មកចែកជូនប្រិយមិត្តអ្នកអាន ហើយខ្លួនគំនិតផ្ទាល់ក៏ខិតខំពង្រឹង និងកាត់បន្ថយកំហុសដែលកើតមានដោយអចេតនាក្នុងការសរសេរផងដែរ។ ប្រសិនបើគំនិតមានការកំហុសអក្ខរាវិរុទ្ធ និងពាក្យនៅត្រង់កន្លែងណានោះ សូមប្រិយមិត្តមេត្តាដាស់តឿន និងណែនាំផង ដើម្បីអក្សរសាស្ត្រជាតិយើងទាំងអស់គ្នា។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែមទៀត អំពីការប្រើប្រាស់ភាសាខ្មែឲ្យបានត្រឹមត្រូវនោះ ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រគណៈកម្មាធិការភាសាជាតិតាម រយៈអាស័យដ្ឋាន  http://khmergovernmentoffice.org/nckl/contects/print.phpTags: , , , ពាក្យ ប្រើសម្រាប់បញ្ជាក់ប្រភេទពាក្យក្នុងវេយ្យាករណ៍ខ្មែរ មានការប្រើខុសៗគ្នាតាមសម័យកាល តាមអ្នកនិពន្ធ ។ ប្រការនេះ ខ្ញុំពុំធ្លាប់ចាប់អារម្មណ៍ទេ ស្រាប់តែថ្ងៃនេះ សុវិចិត្រ ធ្វើឲ្យខ្ញុំវង្វេងវង្វាន់ដូចមាន់ត្រូវមួយដំបង ។ លុះពិភាក្សាវែកញែកជាមួយ សុវិចិត្រមួយរយៈ ទើបអាចតោងឃើញហេតុពិតនៃការប្រើប្រាស់ពាក្យប្លែកគ្នា ដែលសំដៅលើន័យតែមួយ ។មើលសៀវភៅក្នុងទសវត្ស ៦០ របស់លោក ពូវ អ៊ុម និង លោក រ៉ាយប៉ុក ប្រើ និបាតសព្ទ សម្រាប់ជំនួស គុណកិរិយា, អាយតនិបាតសព្ទ ជំនួស ធ្នាក់ និង សន្ធានសព្ទ ជំនួស ឈ្នាប់ ។ ចំណែកក្នុងសៀវភៅរបស់លោក ឃឹន សុខ (២០០៧) លោកប្រើ ស្នៀត ជំនួស អាយតនិបាតសព្ទ និង ធ្នាក់ ប្រើ ចំណងជំនួស សន្ធានសព្ទ និង ឈ្នាប់ ។ដូច្នេះ ការប្រើប្រាស់ពាក្យក្នុងវេយ្យាករណ៍ខ្មែរខុសគ្នាទៅតាមអ្នកនិពន្ធ និងសម័យកាល ។ ប្រសិនបើលោកអ្នកអានជួបនឹងពាក្យទាំងអស់នេះ សូមកុំប្លែកក្នុងចិត្តឡើយ ។ដូច្នេះបើគេចេកប្រភេទពាក្យ គេអាចសរសេរជា ៖

  • នាម
  • គុណនាម
  • សព្វនាម
  • កិរិយាសព្ទ
  • កិរិយាវិសេសន៍
  • និបាតសព្ទ ឬ គុណកិរិយា
  • អាយតនិបាតសព្ទ ឬ ធ្នាក់ ឬ ស្នៀត
  • សន្ធានសព្ទ ឬ ឈ្នាប់ ឬ ចំណង
  • បរិវាសព្ទ
  • សំខ្យាសព្ទ
  • ឧទានសព្ទ

ប្រសិនបើការយល់ឃើញខាងក្រោមនេះពុំត្រឹមត្រូវ សូមមេត្តាជួយកែតម្រូវដោយអនុគ្រោះផងចុះ ។ដងកើ, ដងកឺ, ដងការ, ដងកាល…លោកអ្នកដែលធ្លាប់ទៅកំសាន្តនៅមាត់ទន្លេមុខវាំងពិតជាបានស្គាល់ទីសក្ការៈមួយកន្លែងនៅទីនោះ ។ ពីមុនធ្លាប់អានរឿងតំណាលអំពីទីនេះម្ដង ។ មកពេលនេះខ្ញុំនឹកភ្នកពាក្យដែលគេហៅទីនោះ ។ តាមចាំមកថា ព្រះអង្គដងកាល មិនដឹងថាគេសរសេរយ៉ាងម៉េចទេ ។ ពេលពិនិត្យតាមឯកសារនានា និងការចេះចាំផងមានការហៅឈ្មោះទីនោះតាមសំនៀងប្រហាក់ប្រហែលគ្នាដូចខាងក្រោម៖

  • ព្រះអង្គដងកឺ,
  • ព្រះអង្គដងការ
  • ព្រះអង្គដងកើ
  • ព្រះអង្គដងកាល

RoyalPalaceRiver bank Phnom Penh3River Bank Phnom Penh2River bank Phnom Penh

(ដកស្រង់ពីhttp://preynokornews.blogspot.com/)

ដោយឃើញពលរដ្ឋខ្មែរភាគច្រើនសរសេរអក្សរ «សំឡេង» ទៅជា «សម្លេង» ឬ
« សំលេង» ប្រាសចាកពីក្បួនវចនានុក្រមខ្មែរនោះ ទើប សារព័ត៌មាន ព្រៃនគរ
សូមលើកយកអត្ថន័យពាក្យ «សំឡេង» នេះមកផ្សាយដើម្បីចែករំលែកដល់មិត្ត
អ្នកអានបានជ្រាបគ្រាន់ជាការកែតម្រូវឡើងវិញ ។

ខាងក្រោមនេះ ជាអត្ថន័យពាក្យថា « សំឡេង» ហើយសង្ឃឹមថា ពេលដែល
មិត្តអ្នកអានទាំងឡាយបានជ្រាបហើយ នឹងមិនសរសេរពាក្យនេះជា « សម្លេង»
ឬ «សំលេង» ទៀតឡើយ ប្រសិនបើលោកអ្នកគោរពតាមក្បួនវចនានុក្រមខ្មែរ ។
សំឡេង ( ន. ) សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែល
លាន់ឮ : សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។ សំឡេងក្រអៅ ឬ–ក្រឪ
សំឡេងលាន់ឮវ៉ៅគ្រលួច ។ សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។ សំឡេង
ស្អា សំឡេងគគ្រាតមិនស្អាត ។ល។

ព្រះតេជព្រះគុណ ឬ ព្រះតេជគុណ ?

[ដកស្រង់ពីhttp://preynokornews.blogspot.com/]

តាមការសង្កេតឃើញការសរសេររបស់អ្នកកាសែត ឬពលរដ្ឋខ្មែរយើងភាគច្រើនបានសរ សេរត្រង់ពាក្យថា «ព្រះតេជព្រះគុណ» (អានថាៈ ព្រះដែចព្រះគុណ) ជា «ព្រះតេជគុណ» ដែលមានន័យសំដៅទៅលើព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា ។

[អានបន្ត….]

ព័ត៌មាន ឬ ពត៌មាន ?

[ដកស្រង់ពីhttp://preynokornews.blogspot.com/]
———————————————————-

សំឡេងសម្តេចព្រះសង្ឃរាជ ជួន ណាត មានព្រះរាជបន្ទូលអំពីពាក្យ «ព័ត៌មាន»
ទំហំៈ 7.12 MB
រយៈពេលៈ ១៥ នាទី ៣២ វិនាទី

———————————————————-

ដោយឃើញពលរដ្ឋខ្មែរមួយចំនួនច្រើនសរសេរអក្សរខ្មែរត្រង់ពាក្យថា «ព័ត៌មាន» ជា «ពត៌មាន»ខ្វះសំយោគសញ្ញា (័) អានថា (ស័ង-យោគៈ ស័ញ-ញ៉ា ) តើពាក្យ នេះ គួរសរសេរជា«ព័ត៌មាន» ឬ «ពត៌មាន» ។

[អានបន្ត….]

ពុទ្ធដីកា ឬ សង្ឃដីកា ?

ដោយបានសង្កេតឃើញ អ្នកអានព័ត៌មានខ្លះ តែងតែអានថា «សង្ឃដីកា» ខ្លះអានថា
«ពុទ្ធដីកា» និងខ្លះទៀតអានថា «ថេរដីកា» សំដៅទៅលើសម្តីរបស់ព្រះសង្ឃដែលបាន
ពោលចេញទៅកាន់អ្នកណាម្នាក់ ។ តើពាក្យនេះ គេគួរប្រើពាក្យមួយណាទើបត្រឹមត្រូវ ?

[ដកស្រង់ពីhttp://preynokornews.blogspot.com/]

ដើម្បីបានយល់ យើងបានស្រង់នូវពាក្យទាំងពីរ គឺ ពាក្យថា «ពុទ្ធដីកា» និង «សង្ឃដីកា»
ចេញពីវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ទុកជា
ឧទាហរណ៍ក្នុងទីនេះ ។
ពុទ្ធ ពុត សំ. បា. ( ន. ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤
ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល,
ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយ
អំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) : ព្រះពុទ្ធ, ព្រះពុទ្ធ
ជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា
ពុទ្ធកាល ឬ ពុទ្ធសម័យ (–កាល ឬ–សៈម៉ៃ) ។
ពុទ្ធដីកា (អានថា ពុត-ធៈ-ដី-កា) ន.ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី
ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា ។ ខ្មែរប្រើក្លាយៗមក
ហៅថា ពុទ្ធដីកាដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអាន
ពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក
(ម. ព. ពុទ្ធ និង ដីកាផង) ។

សង្ឃ សង់ សំ. បា. ( ន. ) (ប្រើជា សំឃ ក៏បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។
តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ : ជំនុំសង្ឃ, របស់សង្ឃ,
អាជ្ញាសង្ឃ,សង្ឃព្រមពៀងគ្នា។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ឃៈ,ដូចជា :
សង្ឃកតិកា (–កៈ–) ប្តេជ្ញារបស់សង្ឃ ។
សង្ឃដីកា ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាម
ណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើ
តាមសម័យនិយមរបស់ប្រទេស) ៕

————————————————————————————————————————————————————

ពាក្យ សេចក្ដី ដែលមានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ ដូច្នេះ យើងទម្លាប់តែអានថា សិច-ក្ដី ជាយូរមកហើយ ប៉ុន្តែបើតាមខ្ញុំយល់ គឺត្រូវអានថា សាច់-ក្ដី ដូច្នេះវិញ ទើបត្រឹមត្រូវ ? សំឡេងអាន សាច់-ក្ដី នេះ ខ្ញុំច្រើនបានឮក្នុងចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ប្រហែលក្នុងសម័យនោះ គេនៅអាន ឬ និយាយថា សាច់-ក្ដី នៅឡើយ ក្រោយមក ការប្រកប ស-េ-ច នេះក៏លែងចេញសំឡេង សាច់ ប៉ុន្តែចេញសំឡេង សិច វិញ ? ក្នុង វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់អំពីសំឡេងអាននេះផងដែរ ដែលបង្គាប់ឲ្យអានថា សាច់-ក្ដី ដូចគ្នា ។ ដូច្នេះ ខ្ញុំជឿថា ពាក្យ សេចក្ដី នេះ យើងត្រូវអានថា សាច់-ក្ដី ទើបត្រឹមត្រូវ ។

————————————————————————————————————————————————————

ក្នុងភាសាខ្មែរ លំឱនសព្ទ ត្រូវបានគេកំណត់ជាក្បួនដើម្បីឲ្យងាយស្រួលក្នុងការអានពាក្យ ដូចជាពាក្យ “សេវា” គេត្រូវអានថា “សេ-វ៉ា” ដ្បិត “” សព្ទជា អឃោសៈ ដូច្នេះ “” ដែលជាសព្ទ ឃោសៈ ក៏ត្រូវលំឱនទៅជា វ៉ តាមតួ “” ដែរ ។ ក្បួននេះគេកំណត់ថា បើសព្ទដើម អឃោសៈ ហើយសព្ទបន្ទាប់ជាឃោសៈ ឬអឃោសៈក្ដី ត្រូវប្ដូរជាសព្ទ អឃោសៈ ។ ប្រសិនបើសព្ទដើមជាឃោសៈ សព្ទបន្ទាប់ក៏ត្រូវលំឱនសព្ទទៅជាឃោសៈដែរ ។
អឃោសៈ + ឃោសៈ > អឃោសៈ
ឃោសៈ + អឃោសៈ >ឃោសៈ
ប៉ុន្តែ សៀវភៅវេយ្យាករណ៍ខ្មែររបស់លោក ធន់ ហ៊ិន ដែលទើបបោះពុម្ពផ្សាយថ្មីៗនេះ បានអះអាងថា អំណះអំណាងនេះមិនអាចយកមកធ្វើជាឱភាសកម្ម ដើម្បីជាក្បួនសម្រាប់អនុវត្តតាមនោះទេ ដោយហេតុថាមានពាក្យជាច្រើនដែលមិនឆ្លើយតបឲ្យស្របទៅនឹងរូបមន្ត នោះ ។ លោកបានលើកឧទាហរណ៍ពាក្យជាច្រើនមកបង្ហាញដែលសព្ទបន្ទាប់មិនលំឱន តាមសព្ទដើម ដូចជាពាក្យ ណែនាំ, ឯករាជ្យ, អន្លើ, ស្មារលា, ការី (គ្រៀងស្ល), អនិច្ចា , មហា, វិទ្យាល័យ ។ល។
នៅមានអំណះអំណាងជាច្រើនទៀត ដែលអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិភាសាបារាំងលោក ធន់ ហ៊ិន បានលើកនៅក្នុងសៀវភៅរបស់គាត់ ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត មានបន្ទូលក្នុងនាទីបទសម្ភាសន៍អក្សរសាស្ត្រខ្មែរថា ក្នុងភាសាខ្មែរមិនទៀងទេ ត្រង់ឃោសៈ អឃោសៈនេះ គឺខ្មែរប្រើហ្នឹង តាមទម្លាប់ទេ ។ ដូចពាក្យ អយុត្តិធម៌ អានថា “អៈ-យុត្តិ-ធម៌” មិនអាន “អៈ-យ៉ុត្តិ-ធម៌” ទេ ។
ខ្ញុំមិនអាចរកអំណះអំណាងពីសៀវភៅផ្សេងពីនេះមកបញ្ជាក់បន្ថែម ប៉ុន្តែខ្ញុំជឿថា ការលើកឡើងនេះពិតសមហេតុផល ។

កំណាព្យ

ឧទាហរណ៍១៖ អំពីមនុស្សលោកចុងជួនបទពាក្យ៧

មនុស្សកើតមកមានចិត្តខុសគ្នា មានខ្លះមាយាខ្លះស្មោះត្រង់
ខ្លះចេះរក្សាខ្លះបោះបង់ ខ្លះទៀតលិចលង់ខ្លះថ្កើងថ្កាង។
មានខ្លះកោងកាចខ្លះគួរសម ខ្លះទៀតរមទម្យខ្លះដើរកាង
ខ្លះទន់ខ្សោយខ្លះមានសំអាង ខ្លះលេងចាយរាងខ្លះទុយមុយ។
មនុស្សខ្លះរឹងប៉ឹងខ្លះបារម្ភ ខ្លះទៀតស្អាតស្អំខ្លះក្លិនស្អុយ
ខ្លះទៀតហ៊ឺហារខ្លះអត់លុយ ខ្លះហ៊ានប្រថុយខ្លះរអារ។
រីឯអ្នកខ្លះសែនខ្មាសអៀន អ្នកខ្លះចិត្តហ៊ានឥតឧបមា
អ្នកខ្លះប្រឹងរៀនចិត្តឧស្សាហ៍ អ្នកខ្លះខ្ជីខ្ជារច្រអូសខ្ជិល
ឯអ្នកខ្លះវិញសែនសុភាព រាបសារមិនប្រៀបនឹងអ្នកខិល
មានមាត់និយាយតែងរអិល ចេកចូចវល់វិលប៉ះពាល់កេរ្តិ៍។
មនុស្សយើងរស់នៅជាមួយគ្នា សាមគ្គីសាមគ្គាដើម្បីជ័យ
ជំនះឧបសគ្គដោយឥតភ័យ ត្រូវតែប្រល័យដោយបញ្ញា។
បញ្ញាមនុស្សលោកគ្មានព្រំដែន រាប់ពាន់ម៉ឺនសែនមិនហ៊ានថា
អ្វីៗគ្រប់យ៉ាងគ្រប់ប្រការ សម្រេចក្រលាដោយរីករាយ។
មើលសត្វស្រមោចប្រឹងតស៊ូ ធ្វើការយូរៗរឹតសប្បាយ
មិនគិតខ្លួនតូចតាមរាងកាយ ហាក់ដូចមិនងាយនឹងធ្វើបាន។

ច្បាប់ប្រុស (កំណាព្យ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

——————————————————————————————————

ការយល់ច្រឡំ ៖ អ + ៊ + ី

ការយល់ច្រឡំថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើងជា អ៊ិ អ៊ី អ៊ឹ អ៊ឺ បានកើតមានយ៉ាងទូលំទូលាយ សូម្បី តែក្នុងចំណោមអ្នកដែលបានសិក្សាភាសាខ្មែរបានជ្រៅជ្រះក្ដី។

ខ្ញុំរៀនតាំងពីថ្នាក់ក្រោមមក ឃើញតែគ្រូសរសេរ បុកជើងបែបនេះ ដូចជា អ៊ីដ្រូសែន អ៊ីសូតូប អ៊ីតាលី ។ល។ សៀវភៅក្រសួងអប់រំ សៀវភៅខេមរយានកម្ម ក៏គេសរសេរបុកជើងតែបែបហ្នឹង។ ខ្ញុំធ្លាប់រៀនចេះមកថា សញ្ញា ៊ បើប្រកបនឹង ិ ី ឹ ឺ អាចសរសេរបុកជើងបាន លើកលែងជាមួយអក្សរ ប ។ អក្សរ ប៉ បើបូកនឹង ិ ី ឹ ឺ គេបុកជើងដែរ ដូច្នេះ កុំឲ្យច្រឡំគ្នា គេលើកលែងអក្សរ ប + ៊ មួយនេះចេញ។ ខ្ញុំមិនដែលដឹងថា មានករណីលើកលែងចំពោះអក្សរ អ សោះតាំងពីមុនមក។

ទើបតែថ្មីៗ ខ្ញុំបានដឹង ការយល់ថា អ + ៊ +ិ ី ឹ ឺ ត្រូវតែសរសេរជា អ៊‍ិ អ៊‍ី អ៊‍ឹ អ៊‍ឺ ហាមមិនឲ្យបុកជើង បានកើតមានយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រើប្រាស់ភាសាខ្មែរ។ ដូចជា ក្នុងអត្ថបទវេយ្យាករណ៍ខ្មែរ រៀបរៀងដោយលោក មៀច ប៉ុណ្ណ បានសរសេរថា

កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊‍ីចុះអ៊‍ីចឹង… ។

ក្នុងន័យខាងលើនេះ មានន័យថា អ៊‍ីចុះ អ៊‍ីចឹង ត្រូវតែសរសេរដោយប្រើ ៊ ហាមមិនឲ្យប្រើ បុក ជើង ។

ការយល់ច្រឡំនេះ ប្រហែលកើតមកពីការអានវចនានុក្រមច្រឡំទេដឹង? មនុស្សជាច្រើនយល់ថា អ្វីដែលគ្មានក្នុងវចនានុក្រមគឺខុស !!! ឬអាក្រក់បំផុតគឺ អ្វីដែលអ្នកអាននោះ មិនបានឃើញក្នុងវចនានុក្រម គឺខុស។ គេមិនបានយល់ថា អ្វីដែលគេមិនបានឃើញក្នុងវចនានុក្រម តាមពិតគឺមកពីគេមើលរំលង នោះទេ។

ការប្រើប្រាស់សញ្ញា ៊  មិនមានការពន្យល់ដាច់ដោយឡែក នៅក្នុងវចនានុក្រមខ្មែរទេ តែបែរជាមាននៅក្នុងអក្សរ ប៊ ទៅវិញ។ ក្នុងនោះ អ្នកនិពន្ធបានពន្យល់យ៉ាងច្បាស់ថា ស ហ អ បូកនឹង ៊ បូកនឹង ិ ី ឹ ឺ អាចសរសេរ បុកជើងក៏បាន។

————————————————————————————————————————————————————

Source code របស់ វចនានុក្រមខ្មែរ 2.1 អាចត្រូវគេលួចបានដោយងាយ

វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ ត្រូវបានវិស្វករព័ត៌មានវិទ្យាសរសេរឡើងមក ដោយប្រើ ភាសា Java ហើយ compile ជា .jar file ។ ប្រូក្រាមប្រភេទ .jar មានលក្ខណៈពិសេសត្រង់អាចយកទៅប្រើនៅលើ OS ផ្សេងៗ ដូចជា Windows, Linux, .. បានដោយមិនបាច់សរសេរកូដឡើងវិញ។ ប៉ុន្តែចំណុចខ្សោយរបស់វា គឺ ប្រូក្រាមប្រភេទ .jar ត្រូវបានគេបង្កើតឡើងមកដោយ compile វាជា byte-code, ខុសពី native code, ដែលជាទូទៅងាយស្រួលនឹង ឱ្យគេប្រើប្រូក្រាមផ្សេង បំបែកវាជា source code មកវិញ។ ដូចជាប្រូក្រាម វចនានុក្រមខ្មែរអេឡិចត្រូនិចលេខ ២.១ នេះ គេអាចប្រើប្រូក្រាមប្រភេទ java decompiler ដើម្បីទាញរក source code មកវិញ បានតែមួយពព្រិចភ្នែកប៉ុណ្ណោះ។

Leave a comment